ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា
មានមនុស្សបីក្រុមញុះញង់ឲ្យពលរដ្ឋស្អប់ខ្ពើម គណបក្សសង្គ្រោះជាតិ
ករណីគណបក្សនេះចូលសភាកាលពីថ្ងៃទី២២ សីហាកន្លងទៅ។
លោកកឹម សុខា ថ្លែងបែបនេះ
នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅសង្កាត់សៀមរាប ក្រុងសៀមរាប
នាព្រឹកថ្ងៃសៅរិ៍នេះ ដែលមានពលរដ្ឋប្រមាណ២រយនាក់ចូលរួម។
ក្នុងពិធីសំណេះសំណាលនោះ លោក កឹម សុខា អះអាងថា មនុស្សទាំងបីក្រុម
ដែលញុះញង់ឲ្យពលរដ្ឋស្អប់ខ្ពើមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
រួមមាន អ្នកវិភាគឯករាជ្យមួយចំនួន
ក្រុមអ្នកចង់បង្កើតគណបក្សនយោបាយថ្មី
និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្លែងក្លាយ។
លោកបញ្ជាក់ថា ក្រុមទី១ជាអ្នកវិភាគឯករាជ្យ ឬអ្នកអត្ថាធិបាយ។
ក្រុមនេះជាអ្នកស្នេហាជាតិលើសលុប ដោយពួកគេ ថាគណបក្សសង្គ្រោះជាតិ
នឹងមានវាសនាដូចគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រុមមនុស្សទី២
ជាក្រុមអ្នកចង់បង្កើតគណបក្សនយោបាយថ្មី
ក្រុមនេះចង់ទាញយករូបលោកចេញពី លោក សម រង្ស៊ី
ដោយបើកគណបក្សនយោបាយថ្មី។ ចំណែកក្រុមទី៣
ជាអ្នកគាំទ្រគណបក្សជាតិសង្គ្រោះជាតិក្លែងក្លាយ ដោយលោកថា
ក្រុមនេះអួតខ្លួនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្ដែផ្ទុយទៅវិញ
ជាជំពូកអ្នកអុំទូកបណ្ដោយទឹក និយាយបំភ្លៃការពិត
ត្មះតិះដៀលគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យពលរដ្ឋឲ្យស្អប់ខ្ពើម
និងយល់ច្រឡំ ដោយញុះញង់ថា
គណបក្សសង្គ្រោះជាតិចូលសភាមិនអាចធ្វើកើតឡើយ ។
ទោះជាយ៉ាងណា លោកកឹម សុខា បន្ដថា គណបក្សសង្គ្រោះជាតិព្រមចូលសភានេះ ជាញញួរមួយ សម្រាប់សំពងរដ្ឋាភិបាល អាជ្ញាធរ ឲ្យជួយដោះស្រាយជម្លោះដីធ្លី និងស្វែងរកយុត្ដិធម៌ជូនពលរដ្ឋ។ លោកកឹម សុខា បន្ថែមថា គណបក្សសង្គ្រោះជាតិក៏នឹងទាមទារឲ្យរដ្ឋាភិបាល គោរពគោលនយោបាយគណបក្ស៧ចំណុចរបស់គណបក្សនេះ ដែលបានសន្យាជាមួយពលរដ្ឋមុនពេលបោះឆ្នោតជាតិអាណត្ដិទី៥នេះផងដែរ។
ជាចុងក្រោយ លោកកឹម សុខា ក៏អំពាវនាវឲ្យពលរដ្ឋ មានទំនុកចិត្ដលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងរក្សាសាមគ្គីគ្នាភាពជាមួយគណបក្សនេះបន្តទៀត ដើម្បីប្រទេសជាតិគង់វង្ស៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
Homeលោក កឹម សុខា៖ មានមនុស្សបីក្រុមញុះញង់ឲ្យពលរដ្ឋស្អប់គណបក្សសង្គ្រោះជាតិករណីចូលសភា



Post a Comment