សិស្សនិទ្ទេស A សំណូមពររដ្ឋាភិបាលផ្ដល់អាហារូបករណ៍តាមជំនាញដែលខ្លួនចង់រៀន

Friday, September 5, 20140 comments


សិស្សនិទ្ទេស A សំណូមពររដ្ឋាភិបាលផ្ដល់អាហារូបករណ៍តាមជំនាញដែលខ្លួនចង់រៀន
..................................
ដោយ៖ ឡុង គីមម៉ារីតា | ថ្ងៃសុក្រ ទី5 កញ្ញា 2014, 06:05 PM VOD
សិស្សដែលទទួលបាននិទ្ទេស A ទាំង ១១ នាក់ (រូបដោយ ឡុង គីមម៉ារីតា)
សិស្សដែលទទួលបាននិទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៤នេះ សំណូមពរដល់រាជរដ្ឋាភិបាលផ្ដល់អាហារូបករណ៍ឲ្យត្រូវទៅតាមជំនាញដែលពួកគេចង់រៀន ដើម្បីទទួលបានគុណភាពខ្ពស់ក្នុងការសិក្សា។
ក្នុងពិធីចែករំលែកបទពិសោធន៍ពីរបៀបរៀន និងការបែងចែកពេលវេលារៀនប្រចាំថ្ងៃរបស់សិស្សឆ្នើមទាំង១១នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញនៅថ្ងៃសុក្រនេះ យុវជន ចាន់ ពិចិត្រ មកពីខេត្តកំពង់ឆ្នាំងដែលទទួលបាននិទ្ទេសA និងលំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសលើកឡើងថា មានសាកលវិទ្យាល័យជាច្រើនចង់ផ្ដល់អាហារូបករណ៍ដល់ពួកគេ តែសាកលវិទ្យល័យទាំងនោះមិនមានឯកទេសវេជ្ជសាស្ត្រ ដែលរូបគេចង់រៀននោះទេ។
ស្រដៀងគ្នានេះដែរ យុវជន វណ្ណ លីដា សិស្សទទួលបាននិទ្ទេសAមកពីខេត្តសៀមរាប លើកឡើងថា រូបគេមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ផ្នែកវេជ្ជសាស្ត្រ ។ លីដាបន្តថា គ្រួសារខ្លួនមិនមានលទ្ធភាពក្នុងការបង់ប្រាក់ឲ្យខ្លួនចូលរៀននៅសាលានេះទេ ដូច្នេះសំណូមពរទៅរាជរដ្ឋាភិបាលគួរតែផ្ដល់អាហារូបករណ៍ឲ្យត្រូវទៅតាមជំនាញដែលពួកគេចង់រៀនដើម្បីគុណភាពនៃការសិក្សា។
ទីប្រឹក្សានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ លោក ពុយ គា មានប្រសាសន៍ថា លោកគាំទ្រចំពោះការលើកឡើងរបស់សិស្សដែលទទួលបាននិទ្ទេសA ព្រោះថាវាជាការល្អបើសិស្សទទួលបាននូវអាហារូបករណ៍ដែលត្រូវជំនាញដែលពួកគេចូលចិត្ត។
លោកបន្តថា បើសិស្សឆ្នើមអាចទទួលបានអាហារូបករណ៍ដែលត្រូវជំនាញ ពួកគេនឹងមានទឹកចិត្តក្នុងការរៀន និងពង្រឹងសមត្ថភាពរបស់ពួកគេទៅថ្ងៃមុខទៀត ដែលអាចជាផលប្រយោជន៍ដល់ខ្លួនគេព្រមទាំងសង្គមជាតិ។
VODមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បាននៅឡើយទេពាក់ព័ន្ធនឹងបញ្ហានេះ៕
Share this article :

Post a Comment

 
Copyright © 2013. Angkor Team
All Rights Reserved