វង្ស ណ​យ ប្រកាស​ឈប់​ប្រដាល់​

Monday, August 18, 20140 comments

​គ្រាន់​តែ​ឈ្នះ​កីឡាករ ឡៅ ស៊ី​ណាត ក្នុងជំនួប​សងសឹក និង​ដណ្ដើមពាន​គូ​ប៊ូ​តា កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា ភ្លាម កីឡាករ​ជើង​ខ្លាំង វង្ស ណ​យ បានប្រកាស​លាឈប់​ពី​អាជីព​ប្រដាល់​តែម្ដង​ដោយ​គ្មាន​ការកែប្រែ​។ លោក​អះអាង​ថា ការសម្រេចចិត្ត​នេះ​មិន​ងាកក្រោយ​ទេ ដើម្បី​អនាគត​ខ្លួន និង​កូន​ប្រពន្ធ ។​
​ជំនួប​ដោយផ្ទាល់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រដាល់​ឈ្នះ​ជើង​ខ្លាំង ឡៅ ស៊ី​ណាត កីឡាករ វង្ស ណ​យ បាន​បញ្ជាក់​ប្រាប់​VOD​ដោយ​មុតមាំ​ថា គេ​លាឈប់​ការ​ប្រដាល់​ហើយ ដោយ​បាន​ទាំង​អះអាងថា ការ​ប្រដាល់​ជាមួយ​កីឡាករ ឡៅ ស៊ី​ណាត ដែល​ទើបនឹង​សងសឹក​បាន​ក្ដៅៗ ជាការ​ប្រដាល់​លើក​ចុងក្រោយ​របស់​ខ្លួន​ទៀតផង​។ លោក​ថា ការសម្រេចចិត្ត​នេះ​គឺ​ដើម្បី​ប្រពន្ធ​កូន និង​ដើម្បី​ស្វែងរក​ផ្លូវ​មួយ​សម្រាប់​ជីវិត​ដែល​ប្រសើរ​ជាង​ការ​ប្រដាល់​។ លោក​និយាយថា លោក​សប្បាយចិត្ត​ណាស់ ដែល​ការ​ប្រដាល់​បិទ​អាជីព​របស់​លោក បានឈ្នះ ឡៅ ស៊ី​ណាត  ក្នុង​ទឹក​ទី​១ ដើម្បី​ទុកជា​ស្នាដៃ​មុន​បាត់​មុខ ។​
​ជ័យជំនះ​របស់ វង្ស ណ​យ បានបញ្ចប់​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​យ៉ាងច្រើន​កុះករ ទាំង​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ដោយផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍​។ លោក​ធ្វើឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​យ៉ាងខ្លាំង ជាពិសេស​ការ​វាយ​កែង ដើម្បី​បំបាក់​កីឡាករ​ជើងចាស់ ឡៅ ស៊ី​ណាត ឲ្យ​រាប់ដល់​១០ ដោយ​គ្មាន​ការតវ៉ា​។​
​តាំងពី​ចាប់ផ្ដើម​ល្បី​ឈ្មោះ​រៀងខ្លួន អ្នក​ទាំង​ពីរ​ប៉ះគ្នា​៤​លើក​រួចមកហើយ សរុប​ទាំង​លើកចុងក្រោយ​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ផង ដោយ​២​លើក វង្ស ណ​យ សន្លប់ និង​២​លើក ឡៅ ស៊ី​ណាត សន្លប់​។ លទ្ធផល​ចុងក្រោយ បង្ហាញថា លោក​សងសឹក ឡៅ ស៊ី​ណាត បាន និង​ជា​ម្ចាស់​ពាន​កិត្តិយស​របស់​ក្រុមហ៊ុន​គូ​ប៊ូ​តា​ដែល​ជា​ការចង់បាន​ លើកចុងក្រោយ​។
​កីឡាករ វង្ស ណ​យ ​បញ្ជាក់​នៅ​ក្រោយ​ប្រកួត​ឈ្នះ​ឡៅ ស៊ី​ណាត ថា លោក​មិន​ប្ដូរ​ជំហរ​ងាក​មក​បន្ត​ការ​ប្រដាល់​ទៀត​ទេ បើទោះជា​លោក​បាន​ឈ្នះ ឡៅ ស៊ី​ណាត ដែល​ធ្វើឲ្យ​លោក​មាន​កម្លាំងចិត្ត​ខ្លាំង​ជាង​មុន​។ កីឡាករ​ជើង​ខ្លាំង​វ័យ​២៨​ឆ្នាំ​រូប​នេះ​និយាយថា «​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ប្រកួត​ជាមួយ​កីឡាករ ឡៅ ស៊ី​ណាត គឺជា​ការប្រកួត​លើកចុងក្រោយ ព្រោះ​ខ្ញុំ​សន្យា​ជាមួយ​ប្រពន្ធ​ខ្ញុំ និង​កូន​ខ្ញុំ​ច្បាស់​ហើយ​»​។ 
​លោក​ប្រាប់​ថា​ឆ្អែតឆ្អន់​ចំពោះ​ការ​ប្រដាល់ ដែល​ទោះ​ជា​បាន​ល្បីឈ្មោះ ក៏​បាន​ត្រឹម​ល្អមើល ហើយ​ធាតុ​ពិត​រកប្រាក់​សឹងតែ​បង់ថ្លៃ​ផ្ទះ និង​ចិញ្ចឹម​កូនប្រុស​មួយ​មិន​រស់​។ ប្រសិន​បើ​លោក​នៅតែ​បន្ត​អាជីព​ប្រដាល់ លោក​អះអាង​ថា ប្រហែលជា​គ្មាន​អនាគត​នោះ​ទេ ពិសេស​នៅ​ពេល​ណាមួយ​ភ្លាត់​ឲ្យមាន​របួស​ធ្វើការ​លែងកើត ដូច​កីឡាករ បឺត ខាំ ដែល​ពេល​នេះ​សូម្បី​តែ​ធ្វើការ​ធ្ងន់​ក៏​មិន​បាន​នោះ «​ក្រោយពី​ការប្រកាស​នេះ ខ្ញុំ​នឹង​ឈប់​ប្រដាល់ ទោះជា​វ៉ៃ​ម្ដង​បាន​ប៉ុន្មាន​ក៏​ដោយ​ក៏​ខ្ញុំ​មិន​អាច​បន្ត​ការ​ប្រដាល់​ទៀត ​ដែរ ព្រោះ​ខ្ញុំ​មើលឃើញថា បើ​កាន់តែ​ចាស់​បន្តិចទៀត នឹង​ហួសពេល​ស្វែងរក​អនាគត​សម្រាប់​ខ្ញុំ និង​កូន​ខ្ញុំ​»​។ការប្រកាស​របស់​លោក​បាន​ធ្វើឲ្យ​មហាជន​ភាគច្រើន​ស្លុតចិត្ត ខណៈ​ដែល​អ្នកគាំទ្រ​ទាំងនេះ បាន​ទទូច​លោក​ប្ដូរ​ជំហរ ប៉ុន្តែ​លោក​ថា​ហួសពេល​។ កីឡាករ​ដែល​មាន​កូន​ប្រុស​វ័យ​ជាង​កន្លះ​ឆ្នាំ​រូប​នេះ​បន្តថា ការ​ប្រដាល់​បាន​ផ្ដល់​កិត្តិយស​ឲ្យ​លោកតែ​ក្នុងពេលឈ្នះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចាញ់​នោះ​សំឡេង​ត្មិះ​ដៀល និង​ការប្រមាថ​នឹង​ឮ​ណែន​ត្រចៀក ដោយ​អ្នក​ទាំងនោះ​មិន​បាន​វិភាគ​ថា ហេតុអ្វី​បាន​កីឡាករ​ខ្លាំង​ម្នាក់​កម្លាំង​មិន​ដល់​គេ​នោះទេ​។​
លោក​មិន​បញ្ជាក់ថា អ្វី​ជា​គោលដៅ​បន្ត ក្រោយ​ការលាឈប់​នោះទេ ខណៈ​ដែល​លោក​គ្រាន់តែ​ព្រលយ​ថា រៀបចំ​គម្រោង​ច្បាស់​ហើយ ជំនួស​ឲ្យ​ការសម្រេចចិត្ត​នេះ ។ វង្ស ណ​យ ផ្ញើ​សារ​ចុងក្រោយ​ថា «​ខ្ញុំ​ប្រដាល់​ប្រមាណ​១០​ឆ្នាំនេះ ខ្ញុំ​ចង់​ប្រាប់ថា​អត់​មាន​សល់​អ្វី​ក្រៅពី​សំបកខ្លួន​នោះទេ ទើប​ខ្ញុំ​សម្រេចចិត្ត​ដើរចេញ ហើយ​បើ​គ្មាន​ការទទូច អង្វរ​ទេ ប្រហែល​ជា​ខ្ញុំ​ត្រូវ​ដើរ​ចេញ​តាំងពី​មុន​ប្រកួត​ជាមួយ ឡៅ ស៊ី​ណាត​នោះ​ទៅទៀត​!» ។​
​មកដល់ពេលនេះ លោក​កាន់​ខ្សែក្រវាត់​ពិភពលោក​២​មកពី​ប្រទេស​បារាំង និង​ពាន​មួយ​ដែល​ទើប​ដណ្ដើមបាន​។ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​មិន​លើក​ទូរស័ព្ទ​ឆ្លើយ​ពាក់ព័ន្ធ​នឹង ​បញ្ហា​នេះ​ទេ ប៉ុន្តែ​កន្លងមក​លោក​បាន​បញ្ជាក់​ថា សហព័ន្ធ​គ្មាន​សិទ្ធិ​បង្ខំ​កីឡាករ​ណា​ម្នាក់​នោះទេ ហើយ​សហព័ន្ធ​ក៏​មិន​មាន​លទ្ធភាព​ផ្ដល់​តម្លៃ​ខ្លួន​ឲ្យ​កីឡាក​រល្បីដូចគ្នា​ នឹង​កីឡាករ​បរទេស​បានទេ​៕
Share this article :

Post a Comment

 
Copyright © 2013. Angkor Team
All Rights Reserved