រាជធានីភ្នំពេញ ៖
មិនខុសពីការគ្រោងទុកវីដេអូអប់រំដែលផលិត
និងសម្តែងផ្ទាល់ដោយកីឡាករប្រដាល់ វង្ស ណយ
ពិតជាបានទទួលការចាប់អារម្មណ៍មែន
ក្រោយពីបានបង្ហោះនៅលើបណ្តាញសង្គម Facebook និង Youtube ។
លោកស្នើឱ្យមានការចែកចាយឱ្យផុសផុលថែមទៀត
ដើម្បីឱ្យវីដេអូនេះជ្រាបចូលគ្រប់ស្រទាប់មហាជន ។
ប្រមាណជាមួយខែមុន អ្នកណាក៏ដឹងដែរថា
កីឡាករប្រដាល់ដែលមានឈ្មោះបោះសំឡេង វង្ស ណយ
បានសម្រេចចំណាយប្រាក់ផ្ទាល់ខ្លួនផលិតវីដេអូអប់រំមួយ
និយាយពីផលប៉ះពាល់គ្រឿងញៀន ក្នុងបំណងផ្សព្វផ្សាយដោយគ្មានលក្ខខណ្ឌ ។
ឈុតវីដេអូនេះ ត្រូវគេផ្តល់ការគាំទ្រតាំងពីមិនទាន់ចេញរូបរាង
ដោយសារតែលោកសម្តែងខ្លួនឯងច្រៀងខ្លួនឯង
ហើយជាបទដែលបាននិពន្ធទំនុកច្រៀងដោយខ្លួនឯងទៀត ។
មនុស្សភាគច្រើនបានហៅទង្វើនេះថា ជាការលះបង់ដ៏កម្រដើម្បីសង្គម
ដ្បិតតារាល្បីម្នាក់ចេញមុខផ្ញើសារកុំឱ្យប្រឡូកគ្រឿងញៀន
គឺពិតជាមានអត្ថន័យខ្លាំងណាស់ ។
ក្នុងបទសម្ភាសន៍មួយសាជាថ្មី
ជើងខ្លាំងក្នុងពិភពប្រដាល់ដែលមនុស្សភាគច្រើនស្គាល់ច្បាស់រូបនេះ
និយាយថា វីដេអូអប់រំដែលលោកថតចប់គឺបានបង្ហោះហើយ កាលពីថ្ងៃចន្ទ
ទី១១ សីហា ដោយលោកទទួលបាននូវមតិយោបល់ក្នុងន័យកោតសរសើរ
និងលើកទឹកចិត្តជាច្រើនពីសំណាក់អ្នកនិយម Facebook និង Youtube ។
ទោះបីយ៉ាងណា លោកនៅតែយល់ថា អ្វីដែលលោក
និងក្រុមការងារបានរំលេចនៅមានកម្រិតនៅឡើយទេ
ដោយសារតែលោកមិនមែនជាអ្នកចម្រៀង និងមិនមែនជាតារាសម្តែងអាជីព ។
លោកគ្រាន់តែមានបំណងបង្កើតស្នាដៃអប់រំស្តីពីគ្រឿងញៀនដែលលោក
ធ្លាប់ប្រឡូកកាលមិនទាន់ចូលប្រដាល់ឱ្យមហាជនភាគច្រើនបានស្គាល់ពី
ផលវិបាកប៉ុណ្ណោះ ។
វីដេអូអប់រំដែលមានលក្ខណៈជាបទចម្រៀងនោះមាន
ចំណងជើងថា «កុំចង់ដឹង!កុំចង់សាកចំពោះគ្រឿងញៀន»
ដោយខ្លឹមសារនៃបទចម្រៀងគឺជាស្នាដៃនិពន្ធរបស់លោកទាំងស្រុង ។
ការផលិតនេះ លោកបានចំណាយប្រមាណរង្វង់១.២០០ដុល្លារ
ទាំងការជួលកាមេរ៉ាវីដេអូ ថតសំឡេងខ្លួនឯងដាក់ឌីស្ក
ការចំណាយលើតួ និងការជួលគេកាត់តជាដើម ។
លោកក៏បានទទួលជំនួយឧបត្ថម្ភខ្លះៗមកវិញផងដែរ
ពីសំណាក់អ្នកអាណិតស្រឡាញ់ ។
លោកគ្រោងចេញឌីស្កចែកឥតគិតថ្លៃដល់គ្រប់ស្ថាប័នអង្គការ
និងទូរទស្សន៍ ប៉ុន្តែដោយសារអស់លុយ ទើបបានត្រឹមតែបង្ហោះនៅលើ
Facebook និង Youtube ហើយស្នើឱ្យជួយចែកចាយ ។
លោកនិយាយថា «ហេតុផលដែលខ្ញុំនិពន្ធបទនេះ
ហើយចំណាយលុយផលិតជាសាច់រឿង
គឺដោយសារតែកាលមុនខ្ញុំក៏ជាអ្នកដែលធ្លាប់ញៀនថ្នាំផងដែរ
ទើបខ្ញុំចង់ផ្ញើសារកុំឱ្យអ្នកជំនាន់ក្រោយប្រឡូកតាម» ។
តាមរយៈសារវីដេអូ លោកបានបង្ហាញយ៉ាងច្បាស់ថា
លទ្ធផលនៃភាពភ្លើតភ្លើនចំពោះគ្រឿងញៀន ដែលក្រៅពីបំផ្លាញខ្លួនឯង
គ្រួសារខ្លួនឯង ក៏ប៉ះពាល់ដល់អ្នកដទៃផងដែរ ។ ក្នុងវីដេអូនោះ
គេឃើញកីឡាករ វង្ស ណយ សម្តែងបានល្អ ជាតួអង្គសិស្សសាលា
ជាអ្នកញៀនថ្នាំ និងចុងក្រោយបានក្លាយជាអ្នកជាប់គុក ។
ក្នុងនោះបទចម្រៀងដែលលោកបានច្រៀង ក៏មានអត្ថន័យ
និងពីរោះអាចទទួលយកបានផងដែរ ។
លោករំពឹងថា ស្នាដៃនេះនឹងមានអ្នកគាំទ្រច្រើន
ប្រសិនបើមានការចែកចាយឱ្យទូលំទូលាយ ។ កីឡាកររូបនេះ
កំពុងទទួលបានការសរសើរលើសលប់
ក្រោយពីសាច់រឿងវីដេអូដែលលោកខំផលិត ហើយសម្តែងនិងច្រៀងខ្លួនឯង
ត្រូវបានបង្ហោះឡើងជាសាធារណៈ ។ លោកថា
ប្រាក់កាសដែលបានចំណាយជាលុយដែលបានពីការប្រកួតនៅបារាំងមុននេះ
ទាំងអស់ ហើយបើតាមតែគ្រួសារលោកក្រជួលផ្ទះគេនៅ
គឺមិនគួរលះបង់នោះទេ ។
ប៉ុន្តែលោកសប្បាយចិត្តព្រោះបានធ្វើរឿងល្អមួយដើម្បីសង្គម ៕


Post a Comment