អាជីវកម្ម​លក់​បាយ​ចល័ត​​​របស់​យុវជន​​ម្នាក់​ រក​​​ចំណូល​បាន​​ ៤០០ដុល្លារ​ក្នុង​មួយ​ថ្ងៃ

Thursday, July 10, 20140 comments

ផ្សាយ គំនិត​ច្នៃប្រឌិត​ក្នុង​ការបង្កើត​អាជីវកម្ម​ខ្នាត​តូច​របស់​យុវជន​កម្ពុជា​ ម្នាក់​ គឺ​ការ​លក់​បាយ​ចល័ត​កំពុងតែ​មាន​ការ​គាំទ្រ​ពី​អតិថិជន ជា​ពិសេស​អ្នក​រស់នៅ និង​ប្រកប​មុខរបរ​អាជីវកម្ម​ក្នុង​ក្រុង​ភ្នំពេញ។

​យុវជន​ បុល វ៉ាន់​នៀត ​ម្ចាស់​អាជីវកម្ម​ខាង​លើ​ ​បញ្ជាក់​ថា​ ​​​លោក​បាន​ប្រកាន់​​គោលការណ៍​ ៥​ យ៉ាង​ ដើម្បី​​សម្រេច​បាន​​ជោគជ័យ​​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។ អាជីវកម្ម​ប្រភេទ​នេះ​ ទើប​តែ​បង្កើត​ឡើង​នៅ​ដើម​ខែ​មិថុនា​ ឆ្នាំ​២០១៤ ហើយ​រហូត​មកដល់​ពេលនេះ​ សេវាកម្ម​នេះ​គឺ​មាន​តែ​ ២​រទេះ និង​បុគ្គលិក​ចំនួន​ ១៤​នាក់​តែ​ប៉ុណ្ណោះ​ សម្រាប់​បម្រើ​សេវាកម្ម​ជូន​អតិថិជន​។

ភាព​ជោគជ័យ​ដែល​ទទួល​បាន​នៅ​ពេល​នេះ​គឺ​ថា ​ក្នុងមួយថ្ងៃ​អាច​រក​ប្រាក់​ចំណូល​បាន​ ៤០០ដុល្លារ ដោយ​បាយ​មួយ​កញ្ចប់​លក់​ក្នុង​តម្លៃ​ ១ដុល្លារ ។

ម្ចាស់​អាជីវកម្ម​លក់​បាយ​សាច់​ជ្រូក​ចល័ត​ លោក បុល វ៉ាន់​នៀត ​ប្រាប់​គេហទំព័រ The BNEWS នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា​នេះ​ថា ​អាជីវកម្ម​នេះ​បង្កើត​​ឡើង​មាន​គោលបំណង​សំខាន់​នោះ​ គឺទី១. ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​អតិថិជន​ដែល​កាល​ពីមុន​ធ្លាប់​តែ​គិត​ថា​ ការ​លក់​នៅ​តាម​រទេះ​គឺ​គ្មាន​អនាម័យ​ ដូច្នេះ​ត្រូវ​ព្យាយាម​​ច្នៃ​ប្រឌិត​របរ​នេះ​​​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ គុណភាព​អនាម័យ​ល្អ​​ដែល​អាច​ទទួល​យក​បាន​។ ទី២. ​ផ្តល់​ឱកាស​ការងារ​សម្រាប់​និស្សិត​កម្ពុជា​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ថ្លៃ​ការសិក្សា​របស់​ពួក​គេ ​ទី៣​.​គឺ​ដើម្បី​​​បង្ហាញ​ស្នា​ដៃ​របស់​យុវជន​ខ្មែរ​ ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យ​បាន​ភ្លក្ស​ស្នាដៃ​ច្នៃ​ប្រឌិត​របស់​យុវជន​ ខ្មែរ ។

នៅ​ក្នុង​គំនិត​ច្នៃ​ប្រឌិត​លក់​បាយ​សាច់​ជ្រូក ចល័ត​នេះ​ ​យុវជន​ខាង​លើ​ មាន​គោលការណ៍ ៥​យ៉ាង​ដើម្បី​សម្រេច​ឲ្យ​បាន​​ភាព​ជោគជ័យ​នៃ​ផែន​ការ​អាជីវកម្ម​នេះ​ នោះ​​គឺ​​៖
១. អនាម័យ ៖​ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចម្អិន ការ​វេច​ខ្ចប់​ និង​សំភារៈ​ប្រើប្រាស់​
២. សេវាកម្ម​ ៖ បង្ក​ភាព​ងាយស្រួល​ រហ័ស​ទាន់​ចិត្ត​ និង​មាន​ក្រមសីលធម៌​ល្អ​ជាមួយ​អតិថិជន​
៣. រសជាតិ ៖ ផ្តល់​រសជាតិ​ថ្មីៗ​ ដែល​ជា​តម្រូវការ​របស់​អតិថិជន​
៤. តម្លៃ ៖ ការ​លក់​មាន​តម្លៃ​សមរម្យ​ មិន​ថ្លៃ​ពេក​
៥. ការ​ច្នៃប្រឌិត​សំភារៈ​លក់​ ៖ រទេះ​លក់​មាន​ការ​ច្នៃប្រឌិត និង​តុប​តែង​ឲ្យ​មាន​ការ​ទាក់ទាញ​។

តាម​ការ​ឲ្យ​ដឹង​ពី​យុវជន​នេះ បច្ចប្បន្ន​អាជីវកម្ម​លក់​បាយ​ចល័ត​កំពុង​ដាក់​លក់​នៅ ៥​ទីតាំង​សំខាន់​ ដូចជា​នៅ​ជិត​ Naga world អគារ​ភ្នំពេញ​សេនធ័រ​ ផ្សារ​ AEON​​ ជិត​ក្រសួង​ទេសចរណ៍​ចាស់​ និង​ចល័ត​តាម​ផ្លូវ​ក្រមួន​សរ​។ អាជីវកម្ម​នេះ​មាន​គម្រោង​ពង្រីក​រទេះ​លក់​ឲ្យ​បាន​ ១០ រទេះ​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ នៅ​ចុងឆ្នាំ​ ២០១៤ ខាង​មុខ​នេះ​ ៕

អត្ថបទ ៖ ចាន់ សុខ នាង From BNEWS  


Share this article :

Post a Comment

 
Copyright © 2013. Angkor Team
All Rights Reserved